រោងចក្រ LG Chem នៅឥណ្ឌា ធ្លាយឧស្ម័នគីមីជាថ្មី បណ្ដាលឲ្យមានការជម្លៀសមនុស្សកាន់តែច្រើន!

បើ​តាម​មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា ឧស្ម័ន​គីមីបាន​ចាប់ផ្ដើម​ធ្លាយ​ចេញ​ជា​ថ្មី ពី​រោងចក្រ LG Chem ក្នុងរដ្ឋ Andhra Pradesh ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​បង្ក​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​កាន់​តែ​ច្រើន ក្រោយ​មនុស្ស​យ៉ាង​ហោច​ណាស់ ១១ នាក់​បាន​ស្លាប់ ដោយ​សារ​ឧស្ម័ន​ពុល​នេះ ក្នុង​ពេល​មិន​ដល់ ២៤ ម៉ោង​ផង​នោះ ។

បើ​តាម​លោក N.Surendra Anand មន្ត្រី​ពន្លត់​អគ្គិភ័យ​ក្នុង​ស្រុក Visakhapatnam បាន​បញ្ជាក់​ថា «ស្ថានភាព​គឺ​មាន​ភាព​លំបាក​ណាស់» ។ លោក​បាន​បន្ថែម​ថា មនុស្ស​ក្នុង​រយៈ​ចម្ងាយ ៥ គីឡូម៉ែត្រ​ពី​រោងចក្រ​គីមី​នោះ ត្រូវ​បាន​ជម្លៀស​ចេញ​ទាំង​អស់ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោកស្រី Srijana Gummalla ស្នង​ការ​ក្រុង Visakhapatnam ហាក់​មិន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ភាយ​ចេញ​នៃ​ឧស្ម័ន​ពី​រោងចក្រ​នោះ​ឡើយ ដោយ​និយាយ​ថា ឧស្ម័ន​ដែល​បាន​ភាយ​ចេញ​មក គឺ​មាន​ការ​ប្រែប្រួល​ពេញ​មួយ​ថ្ងៃ ហើយ​ក៏​មាន​ការ​អន់​ថយ​ច្រើន​ខ្លាំង​នោះ​ដែរ ។

គួរបញ្ជាក់ថា នៅ​​ពាក់​កណ្ដាល​យប់ ក្រុម​ប៉ូលិស​បាន​ចាប់ផ្ដើម​ប្រាប់​ប្រជាជន​ឲ្យ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ហើយ​ចូល​ទៅ​ក្នុង​ឡាន​ក្រុង​ដែល​កំពុង​រង់ចាំ ។ ប៉ុន្មាន​ម៉ោង​ក្រោយ អ្នក​នាំ​ពាក្យ​ពី​រោងចក្រ LG Chem ក្នុង​ក្រុង​សេអ៊ូល និង​សហព័ន្ធ​អាជ្ញាធរ​ក្រុង New Delhi បាន​និយាយ​ថា ការ​ធ្លាយ​ឧស្ម័ន​នោះ ត្រូវ​បាន​គ្រប់គ្រង​បាន​ហើយ ក្រោយ​មនុស្ស​រាប់​រយ​នាក់​រងគ្រោះ​ដោយសារ​ឧស្ម័ន​នេះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នោះ ៕

 

ប្រភព៖ scmp

អត្ថបទដែលជាប់ទាក់ទង