យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៥ នាក់​បាន​ស្លាប់ និង​១ពាន់​នាក់​ផ្សេង​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ហេតុការណ៍​ធ្លាយ​ឧស្ម័ន​ចេញ​ពី​រោងចក្រ​គីមី​មួយ​កន្លែង នៅ​ឆ្នេរ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៥ នាក់​បាន​ស្លាប់ និង​១ពាន់​នាក់​ផ្សេង​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ហេតុការណ៍​ធ្លាយ​ឧស្ម័ន​ចេញ​ពី​រោងចក្រ​គីមី​មួយ​កន្លែង នៅ​ឆ្នេរ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា នេះ​បើ​តាម​អាជ្ញាធរ​ក្នុង​តំបន់​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៧ ខែ​ឧសភា​នេះ ។

បើ​តាម​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់​ថា ឧស្ម័ន​បាន​ធ្លាយ​ចេញ​ពី​អាង​ស្តុក​ទម្ងន់ ៥ ពាន់​តោន​ចំនួន ២ ដែល​ត្រូវ​បាន​ទុក​ចោល​គ្មាន​អ្នក​នៅ​មើល ដោយ​សារ​តែ​ការ​បិទ​ប្រទេស​ឥណ្ឌា បញ្ចៀស​ការ​ឆ្លង​កូវីដ១៩ តាំង​ពី​ចុង​ខែ​មីនា​មក​នោះ ។

សកម្មភាព​ដ៏​រន្ធត់​ពី​បុស្ដិ៍​ទូរទស្សន៍​របស់​ប្រទេស​ឥណ្ឌា បាន​បង្ហាញ​ពី​មនុស្ស​ជាច្រើន ក្នុង​នោះ​រួម​មាន​ទាំង​ស្ត្រី និង​ក្មេងៗ ដេក​ស្ដូក​ស្ដឹង​ពាសពេញ​ផ្លូវ​នៃ​ក្រុង Visakhapatnam ។

Swaroop Rani ជំនួយការ​ស្នងការ​ប៉ូលិស​ក្នុង​ក្រុង Visakhapatnam បាន​ថ្លែង​ប្រាប់​សារព័ត៌មាន AFP ថា «ឥឡូវ​នេះ យើង​រក​ឃើញ​ថា​យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន ៥ នាក់​បាន​ស្លាប់ ។ ចំពោះ​ការ​កើន​ឡើង​នៃ​អ្នក​ស្លាប់ ពួក​យើង​នឹង​ធ្វើ​ការ​ប្រកាស​តាម​ក្រោយ​ទៀត » ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ការ​ធ្លាយ​ឧស្ម័ន​គីមី​នេះ ត្រូវ​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន ហើយ​ខាង​ក្រុមហ៊ុន​ LG Chemក៏​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​លើ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើត​ឡើង ៕ ​

ប្រភព៖ straitstimes

អត្ថបទដែលជាប់ទាក់ទង