ជនសង្ស័យម្នាក់ត្រូវបានម្តាយបង្កើតរបស់ខ្លួនប្តឹងដល់ប៉ូលិសឱ្យចាប់ខ្លួនក្នុងករណីប្រើហិង្សាក្នុងគ្រួសារ

(កណ្តាល) ៖ ជនសង្ស័យម្នាក់ត្រូវបានម្តាយបង្កើតរបស់ខ្លួនប្តឹងដល់ប៉ូលិសឱ្យចាប់ខ្លួនក្នុងករណីប្រើហិង្សាក្នុងគ្រួសារ នាថ្ងៃពុធទី០៦ខែឧសភាឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីយប់នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រី សាវ៉ាង ភេទស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកេីតហេតុខាងលេី ជាម្តាយបង្កើត។ ចំណែកជនសង្ស័យឈ្មោះ រ៉ា រតន: ហៅ(យ័ន)ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាកូនបង្កើត។សម្ភារ:ខូចខាតរួមមាន កៅអីជ័រចំនួន០២ពណ៌ក្រហម,ជើងគ្រែឈើបាក់ចំនួន០៤,មុងរហែក០១ពណ៌ស្វាយ និងខ្នើយរហែក ០២ពណ៌ខ្មៅ ០១ពណ៌ក្រហម០១ ។ ចំណែកវត្ថុតាងចាប់យកមាន កន្តៀវផ្លែដែកដងឫស្សីប្រវែង៣៥ស.មចំនួន០១និងកាំបិតតាំងតោ ចំនួន០១ប្រវែង២៥ ស.ម។

ប៉ូលិសបន្តថា ដំបូងឈ្មោះ រ៉ា រតនៈ បានរករឿងជេរបញ្ចោរ ឈ្មោះ រី សាវ៉ាង ភេទស្រី ត្រូវជាម្តាយបង្កើតរបស់ខ្លួន ហេីយនៅវេលាម៉ោង៩និង៣០នាទីយប់ ឈ្មោះ រ៉ា រតនៈ បានជេរប្រមាថ ជនរងគ្រោះ (ម្តាយ)ម្តងទៀតរួចបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ មួយចំនួន ដូចបានរៀបរាប់ខាងលេី ឃើញដូច្នេះ ជនរងគ្រោះ បានមកដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលកំពង់ស្វាយ ។

ក្រោយពីទទួលបណ្តឹងរួចហើយ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបំភ្លឺនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី ។

ប៉ូលិសបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន និងធ្លាប់បានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយចំនួន០១លើករួចមកហើយក្នុងករណីហិង្សាក្នុងគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង