សូមស្វាគមន៍ពុទ្ធសករាជថ្មី ២៥៦៤ និង ស្រាយចម្ងល់ហេតុអ្វីខ្មែរយើង មិនរាប់តាំងពីថ្ងៃចូលឆ្នាំថ្មីមក ?

ថ្ងៃព្រហស្បិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ ១ រោច ខែពិសាខ គឺជាថ្ងៃកំណត់នៃពុទ្ធសករាជថ្មី ២៥៦៤ ប្រតិទិនខ្មែរបានប្ដូរពីពុទ្ធសករាជ ២៥៦៣ មក ២៥៦៤ ចាប់ពីថ្ងៃនេះតទៅ ។

មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានដឹងអំពីការកំណត់ថ្ងៃចូលពុទ្ធសករាជថ្មី ហើយក៏មានពលរដ្ឋមួយចំនួនតូច ក៏មិនបានដឹងអំពីពុទ្ធប្រវត្តិនេះឡើយ ។

ពលរដ្ឋខ្មែរជាសាសនិកជនមួយចំនួនតែងយល់ថា ពុទ្ធសករាជថ្មីត្រូវរាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមក ព្រោះជាពេលដែលទេវតាឆ្នាំចាស់ ផ្លាស់វេនចូលទេវតាឆ្នាំថ្មី អ្វីៗសុទ្ធតែថ្មី ។ បើតាមការបកស្រាយរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងវចនានុក្រម គឺមិនមានន័យដូច្នេះឡើយ ។ ពុទ្ធសករាជ គឺជាចំនួនថ្ងៃរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធគោតម ទ្រង់បានចូលបរិនិព្វាន ។

ព្រះពុទ្ធអង្គ ទ្រង់បានចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់ ចំវេលាថ្ងៃពេញបូរមី ។ ពោលមួយថ្ងៃក្រោយមកពុទ្ធសករាជត្រូវបានរាប់តាំងពីពេលនោះមក គឺ ១ ថ្ងៃក្រោយព្រះពុទ្ធទ្រង់បានចូលបរិព្វាន ។

ពន្យល់ឱ្យងាយយល់ ពុទ្ធសករាជថ្មី ត្រូវរាប់មួយថ្ងៃក្រោយនៃបុណ្យ វិសាខបូជា ។ បុណ្យនេះត្រូវបានប្រារព្ធឡើងដើម្បីរំឮកទៅដល់ ថ្ងៃ ខែមហាមង្គល ដែលត្រូវនឹងថ្ងៃខែ ដែលព្រះពុទ្ធទ្រង់  ប្រសូត ទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និង ទ្រង់រំលត់ខន្ធចូលបរិនិព្វាន ។

សូមទៅស្ដាប់ការបកស្រាយទាំងស្រុងរបស់សម្ដេចព្រះសង្ឃរាជជួន ណាត ដូចតទៅ៖ «​ទំនៀម​រាប់​ពុទ្ធសករាជ​ដោយ​ទៀតងទាត់​របស់​​ពុទ្ធសាសនិកជន សម្រាប់​ប្រើ​ខាង​របៀប​ទេសនា ដែល​ហៅថា បក​សករាជ រាប់​យក​ចំណែក​រនោច​ខែ​មួយ​មុន​ប៉ះ​រួម​នឹង​ខ្នើត​ ខែ​បន្ទាប់​នោះ​ជា ​១ ​ខែ គឺ​ត្រូវ​រាប់​ពីថ្ងៃ ១ រោច​  ខែ​ពិសាខ មកដល់ ១៥ កើត​ខែជេស្ឋ ជាមួយ​ខែ ។​ល​។ ពីថ្ងៃ​ ១ ​រោច​ ខែចេត្រ ​មកដល់​ ១៥​ កើត ​ខែ​ពិសាខ ​ជាមួយ​ខែ (​ពេញ​ជា ១ ឆ្នាំ​) រាប់​យ៉ាងនេះ​រៀងរាល់ឆ្នាំ​, បើ​រាប់​ពីលើ​មកដល់​ត្រឹមណា ត្រូវ​ទុក​ថ្ងៃខែ​ឆ្នាំ​នោះ​ជា​បច្ចុប្បន្នកាល មិនទាន់​រាប់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅហើយ​ទេ​, ដូចជា​កាលពី​ក្នុង​ថ្ងៃ ១៥ ​រោច​ខែ​ស្រាពណ៍ ឆ្នាំមមី ​បន្ទាប់​ឆ្នាំ​ពុទ្ធបរិនិព្វាន ​ត្រូវ​រាប់​ថា ពុទ្ធសករាជ​កន្លងទៅ​ហើយ​បាន ១ ​ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (​កន្លង​ទៅហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​តែត្រឹម​ប៉ុណ្ណោះ​) តែបើ​ប្រើ​ខាង​ការសរសេរ​សំបុត្រ​ចុ​ត​ហ្មាយ​, កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួនច្បាប់​ទាំងពួង​ ឬ ​និយាយស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំមមី ដែល​ចូលក្នុង​រវាង​គម្រប់​២​នុ៎ះឯង​ថា ពុទ្ធសករាជ ​២​​ឆ្នាំ ឬ ពុទ្ធសករាជ​ ២; បើ​ប្រើ​អក្សរ​សង្ខេប ត្រូវ​សរសេរថា ព​. ស​. ២. (​ម​. ព​. សករាជ ទៀតផង​) » ៕

អត្ថបទដែលជាប់ទាក់ទង