ឃាត់ខ្លួនបុរសម្នាក់ ដែលបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ក្រោយធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក

(ភ្នំពេញ)៖ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនបុរសម្នាក់ ដែលបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ក្រោយធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក។

បើយោងតាមលោកនាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក មុំ ចេក បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ។

លោកបាន បានបន្ថែមទៀតថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើង ទទួលបានបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន និនដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិផ្កាយពីរ នៅក្រសួងមហាផ្ទៃ ប្រាកដមែន និងបានយកប្រាក់ពីជនរងគ្រោះ ចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានហើយក៏ចាយអស់ទៅ ពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារ គំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត។ លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង រួមជាមួយអាវុធខ្លីមួយដើម ម៉ាក Glock26 គ្មានលិខិតប្រើប្រាស់។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំសំណុំរឿង និងជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង