លោក គីម ជុងអ៊ុន មិន​បាន​វះកាត់​បេះដូង​នោះ​ទេ នៅ​ពេល​ដែល​លោក​មិនបាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ ​ជិត ៣ សប្ដាហ៍​កន្លង​មក​នេះ!

(អន្តរជាតិ)៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន មិន​បាន​វះកាត់​បេះដូង​នោះ​ទេ នៅ​ពេល​ដែល​លោក​មិនបាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ ​ជិត ៣ សប្ដាហ៍​កន្លង​មក​នេះ ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង ដែលបានដកស្រង់សំដី​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កូរ៉េ​ខាង​ត្បូង​មួយ​រូប ។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​បញ្ជាក់​ថា មន្ត្រី​កូរ៉េ​ខាង​ត្បូង​រូប​នោះ​បាន​បដិសេធ​មិន​ផ្ដល់​មូលហេតុ​ សម្រាប់​ការ​ជឿជាក់ ​ដែល​ថា លោក គីម ជុងអ៊ុន មិន​បាន​វះកាត់​បេះដូង​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា សេចក្ដី​រាយការណ៍​នានា​កន្លង​មក ​ដែល​ថា​ លោក គីម ​ប្រហែល​ជា​ឆ្លង​កាត់​ការ​វះកាត់​បេះដូង​នោះ ​គឺ​មិន​ត្រឹមត្រូវ​ទេ ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង ​អំពី​សុខភាព​របស់​លោក គីម ជុងអ៊ុន និង​ទីកន្លែង​ដែល​លោក​ស្នាក់នៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​បាន​ចេញ​ផ្សាយ ​រូបថត និង​សេចក្ដី​រាយការណ៍​មួយ ​កាល​ពី​ថ្ងៃ​សៅរ៍កន្លងមក ដែល​បង្ហាញ​ថា លោក គីម ជុងអ៊ុន បាន​ចូលរួម​នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សាងសង់​រោងចក្រ​ជី ​មួយ​កន្លែង ។

នៅ​ក្នុង​រូបថត​មួយ​ចំនួន​ដែល​បាន​ផ្សព្វផ្សាយ គេ​ឃើញ​លោក គីម ជុងអ៊ុន ញញឹម និង​និយាយ​ទៅ​កាន់​ជំនួយការ​របស់​លោក ​នៅ​ឯ​ពិធី​កាត់​ខ្សែ​បូរ ក៏​ដូចជា​បង្ហាញរូប​លោក​ដើរ​ទស្សនកិច្ច​មើល​រោងចក្រ​នោះ​ផង​ដែរ ។

ពាក្យ​ចចាមអារ៉ាម​អំពី​សុខភាព​របស់​លោក គីម ជុងអ៊ុន បាន​កើត​ឡើង បន្ទាប់ពី​លោក​មិន​បាន​ចូលរួម​នៅ​ក្នុង​ពិធី​រំឮក​ខួប​ថ្ងៃ​កំណើត​របស់​លោក គីម អ៊ីលស៊ុង ដែល​ជា​ជីតា​របស់​លោក និង​ជា​ស្ថាបនិក​ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី១៥ ខែ​មេសា​ កន្លង​ទៅ​នេះ ។

មក​ទល់​នឹង​ពេល​នេះ គេ​នៅតែ​មិន​ដឹង​អំពី​មូលហេតុ​នៃ​ការ​បាត់​ខ្លួន ​មួយ​រយៈ​របស់​លោក គីម ជុងអ៊ុន ក៏​ដូចជា​ពេល​ដែល​លោក​បង្ហាញ​ខ្លួន​ឡើង​វិញ​នេះ​ដែរ៕

អត្ថបទដែលជាប់ទាក់ទង