ការចុះពិនិត្យ វឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន មិនមែនលំៗដូចកាលពីពេលមុននោះទេ!

ការចុះពិនិត្យ វឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០នេះ មិនមែនលំៗដូចកាលពីពេលមុននោះទេ គឺឯកឧត្តម​ បានយកឧបករណ៍ខួងផ្លូវថ្នល់ ដើម្បីពិនិត្យមើលពីកម្រាស់ នៃការចាកអ៊ុតបេតុង ឬ កម្រាស់ចាក់កៅស៊ូ នៅតាមផ្លូវនេះ ។

ផ្លូវជាតិលេខ ១១ នេះ មានប្រវែងសរុប ៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និង ផ្លូវក្នុងក្រុងព្រៃវែងមានប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និង បំពាក់ដោយស្លាកសញ្ញាចរាចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង បង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ ។ ហើយកំណត់ផ្លូវនេះ ជាកំណត់ ផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ដែល ចាំបាច់ត្រូវពង្រីក ដើម្បី សម្រួលដល់ការធ្វើចរាចរណ៍បន្ថែម ទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ។

ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលក្នុងការសាងសង់ចំនួន ៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និង គ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ រហូតមកដល់ពេលនេះ ផ្លូវនេះ សាងសង់សម្រេចបាន ៩១,១៤ភាគរយហើយ ។

នៅក្នុងដំណើរចុះត្រួតពិនិត្យផ្លូវជាតិលេខ១១នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និង គោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងនោះឡើយ។ ជាមួួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬ ចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និង សៀវភៅបន្ទុក ជាដាច់ខាត ។ សម័យតេជោសែន ផ្លូវត្រូវបានតភ្ជាប់គ្រប់ច្រកល្ហកទាំងក្រុងប្រទេស និង ក្នុងតំបន់ ពោលគឺយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងប្រទេស ដោយមិនចាំបាច់ត្រឡប់ថយក៏បាន ។​

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសម្បត្តិជាតិយើង ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ សូមកុំបំពានដីចំណីផ្លូវ ត្រូវគោរពតាមច្បាប់ និង មិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ ។ នេះបើយោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន ៕

អត្ថបទដែលជាប់ទាក់ទង