មួយរយៈនេះ តម្លៃសាច់ជ្រូកនៅកម្ពុជាឡើងថ្លៃខ្ពស់ស្របពេលមានបណ្តឹងថាលោកឧកញ៉ា លឹម សុផល នាំជ្រូកចូលផ្តាច់មុខពីថៃ!

(ភ្នំពេញ)៖ មួយរយៈនេះ តម្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជាបានឡើងថ្លៃខុសធម្មតាធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលកំពុងលំបាកខាងសេដ្ឋកិច្ចដោយសារកូវីដ១៩ទៅហើយនោះ។ សូម្បីអាជីវករលក់សាច់ជ្រូកក៍បានត្អូញត្អែរពីផលលំបាករកប្រាក់ចំណេញមិនឃើញដោយសារតែជ្រូករស់មានតម្លៃខ្ពស់នេះដែរ។

ក្រុមអាជីវករប្រមាណជាង៥០០នាក់ និងសមាគមអ្នកផ្គត់ផ្គង់ជ្រូកនៅកម្ពុជា បានប្តឹងករណីនេះ ទៅក្រសួងកសិកម្ម ដោយបានដោយត្រង់ថា មកពីលោកឧកញ៉ា លឹម សុផល ដែលជាឈ្មួញនាំជ្រូកចូលពីប្រទេសថៃម្នាក់ និងបក្សពួករបស់លោក បានប្រមូលទិញសិទ្ធិពីក្រុមហ៊ុនផ្សេងៗទៀត នៅក្នុងរូបភាពផ្ទេរកម្មសិទ្ធិ ដើម្បីក្តោបក្តាប់អាជីវកម្មនេះតែម្នាក់ឯង ហើយបានធ្វើការដំឡើងថ្លៃសត្វជ្រូករស់នៅលើទីផ្សារកម្ពុជា តាមអំពើរចិត្ត។

ក្រុមអាជីវករលក់សាច់ជ្រូកនិងសមាគមអ្នកផ្គត់ផ្គង់សាច់ជ្រូកនៅកម្ពុជា បានស្នើសុំទៅក្រសួងកសិម្មជួញអន្តរាគមន៍ក្នុងករណីនេះ ដោយធ្វើយ៉ាងណាកុំឲ្យអាជីវកម្មនាំជ្រូកចូលនេះ ក្លាយជារបរផ្តាច់មុខ ខុសពីគោលការណ៍ទីផ្សារសេរីនោះ។
សូមជម្រាបថាមានក្រុមហ៊ុនចំនួន៧ដែលក្រសួងកសិកម្ម បានអនុញ្ញាតឲ្យធ្វើអាជីវកកម្មនាំជ្រូកចូលពីប្រទេសថៃមកលក់នៅលើទីផ្សារកម្ពុជា។ ប្រភពពីអាជីវកលក់សាច់ជ្រូកអះអាងថាលោកឧកញ៉ា លឹម សុផល បានគ្រប់គ្រង់ក្រុមហ៊ុនចំនួន៦ក្នុងចំណោម៧ក្រុមហ៊ុន ដែលធ្វើឲ្យអាជីវកម្មនាំជ្រូកចូលនេះ សឹងក្លាយជារបរផ្តាច់មុខរបស់លោក ទៅហើយ។

តម្លៃជ្រូករស់ដែលលក់នៅក្នុងប្រទេសថៃត្រឹមជាង៨ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម លុះលោកឧកញ៉ា លឹម សុផល នាំឆ្លងព្រំដែនចូលមកដល់កម្ពុជាភ្លាម លក់ឲ្យពលរដ្ឋខ្មែរ ធ្វើអាជីវកម្មបន្ត ក្នុងតម្លៃ១៣ ០០០ រៀលក្នុងមួយគីឡូក្រាម។ លោកឧកញ៉ា លឹម សុផល និងដៃគូ ត្រូវគេដឹងថា បាននាំជ្រូកចូលមកកម្ពុជាក្នុងមួយថ្ងៃៗមិនជាង៤ពាន់ក្បាលនោះទេ។

ចំណែកសមាគមអ្នកផ្គត់ផ្គង់សត្វជ្រូកនៅកម្ពុជាវិញ បានលើកឡើងប្រហាក់ប្រហែលនឹងអាជីវករលក់សាច់ជ្រូកដែរ។ យោងតាមលិខិតស្នើរសុំដែលចុះហត្ថលេខាដោយ លោក សាន់ ចាន់ថេត ប្រធានសមាគមអ្នកផ្គត់ផ្គង់ជ្រូកនៅកម្ពុជា ទៅលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថាក្រុមអាជីវករជាច្រើនដែលទិញសាច់ជ្រូកនាំចូលពីប្រទេសថៃមកលក់បន្ត មានការលំបាកក្នុងការលក់ដូរ ដោយសារសាច់ជ្រូកបានឡើងថ្លៃខុសធម្មតា។ ឡើងថ្លៃខុសធម្មតា លោកប្រធានសមាគមបញ្ជាក់ថាដោយសារអាជីវកម្មនាំចូលជ្រូករស់ពីប្រទេសថៃ បានធ្វើសកម្មភាព ផ្ទុយ ពីគោលការណ៍ក្រសួងកសិកម្មដែលធ្លាប់អនុវត្តពីមុនមក។សកម្មភាពខុសច្បាប់ទំាងនោះ បានធ្វើឲ្យប៉ះពាល់ដល់អាជីវករផ្សេងៗផង និងជាពិសេសប៉ះពាល់ ដល់ជីវភាពរស់ប្រជាពលរដ្ឋ ។

លោក សាន់ ចាន់ថេត បានលើកពីបញ្ហាមួយទៀតដែរថា ក្រសួងកសិកម្មពុំបានអនុញ្ញាតឲ្យក្រុមហ៊ុនចាស់ដែលធ្លាប់ទទួលសិទ្ធិនាំជ្រូករស់ពីប្រទេសថៃ ធ្វើអាជីវកម្មបន្តនោះទេ តែក្រសួងបើជាអនុញ្ញាតឲ្យក្រុមហ៊ុនថ្មីៗ មកធ្វើអាជីវកម្មទៅវិញ។ សមាគមអ្នកផ្គត់ផ្គង់ជ្រូកនៅកម្ពុជាស្នើសុំរដ្ឋមន្រ្តីក្រសួងកសិកម្មទប់ស្កាត់អាជីវកម្មនាំចូលជ្រូក ដែលអាចឈានទៅរកអាជីវកម្មបែបផ្តាច់មុខនេះ។ មានប្រភពផ្សេងទៀត ឲ្យដឹងថាការដែលមានឈ្មួញតែម្នាក់ នាំចូលជ្រូក ពីប្រទេសថៃមកលក់ក្នុងស្រុកបែបនេះ បានធ្វើឲ្យបាត់បង់ប្រាក់ចំណួលជាតិជាច្រើនទៀតផងដែរ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់ឆ្លើយតបចំពោះសំណើរក្រុមអាជីវករលក់សាច់ជ្រូក និងសមាគមអ្នកផ្តត់ផ្គង់សត្វជ្រូកនៅកម្ពុជា នៅឡើយទេ ហើយលោកឧកញ៉ា លឹម សុផល ក៍មិនអាចទាក់ទងសូមការបកស្រាយការលើកឡើងខាងលើនោះដែរ។ រងចំាទទួលការបកស្រាយពីភាគីពាក់ព័ន្ធទំាងអស់និងចុះផ្សាយជួនសាធារណជនបានដឹងជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង