យុវជន ដែលជាកម្មករម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជនបែកថ្នាំញៀនម្នាក់ ចាក់មួយកាំបិតចុងស្រួចចំចុងដង្ហើម

(កំពង់ឆ្នាំង)៖ យុវជន ដែលជាកម្មករម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជនបែកថ្នាំញៀនម្នាក់ ចាក់មួយកាំបិតចុងស្រួចចំចុងដង្ហើម ក្នុងពេលគេសម្រាកលើអង្រឹងនៅមុខផ្ទះឪពុកក្មេក បណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

បើយោងតាមកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ជូន ជនវឌ្ឍនៈ អាយុ ៤០ ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាជនបែកញៀនថ្នាំ វិកលចរិក ធ្លាប់ជាប់ពន្ធនាគារជាច្រើន ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ត្រូវជាកូនមន្ត្រីរតនាគារខេត្តម្នាក់ ។

ដោយឡែកជនរងគ្រោះមានឈ្មោះ អ៊ឹម គឹមស្រេង អាយុ ២៣ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចដដែលនោះ បានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានប្រឡប់មកពីធ្វើការវិញហើយហូបបាយរួច ក៏បានសម្រាកនៅលើអង្រឹងមុខផ្ទះគូរដណ្តឹង នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ស្រាប់តែជនសង្ស័យ បានយកកាំបិតចុងស្រួចមកកាត់ចំចុងដង្ហើមផ្នែកខាងស្ដាំ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះជីវិត។

ដោយឡែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការការដ្ឋាននគរបាលខក្រុងកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។

គួរបញ្ជាក់ថា ជនសង្ស័យកន្លងមកបានបង្កអំពើហិង្សាជាច្រើន បង្កឲ្យមានមនុស្សរបួសស្នាមជាច្រើនលើក ប៉ុន្តែមិនត្រូវបានសមត្ថកិច្ច និងតុលាការផ្តន្ទាទោសឡើយព្រោះតែគេជាជនវិកលចរិក៕

អត្ថបទដែលជាប់ទាក់ទង