ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា» នឹងផ្តល់សារៈសំខាន់ លើតុល្យភាពរវាងល្បឿន នៃកំណើនសេដ្ឋកិច្ច និងគុណភាពនៃកំណើន ជាជាងការផ្តោតតែទៅលើកំណើនខ្ពស់ ។
ក្នុងឱកាសអញ្ជើញ បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាព រយៈពេលវែងក្នុងបរិការណ៍ ដែលមានភាពមិនច្បាស់លាស់» នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទោះបីជាការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ អាចបណ្តាឱ្យកំណើនសេដ្ឋកិច្ច មានកម្រិតទាបជាង កំណើនសក្តានុពលក្តី ក៏ចាំបាច់ត្រូវទទួលយក ដើម្បីជំរុញលើកកម្ពស់ គុណភាព ចីរភាព និងបរិយាបន្នកំណើននេះ ។
សម្តេចធិបតី បន្ថែមថា យុទ្ធសាស្ត្រនេះ គឺមានភាពស៊ីចង្វាក់ទៅនឹងយុត្តិសាស្ត្របញ្ញកោណជាច្រើន ហើយដើម្បីសម្រេចបានកំណើនខ្ពស់ និងមានចីរភាព ការកែទម្រង់រចនាសម្ព័ន្ធត្រូវតែធ្វើជាចាំបាច់ និងកាន់តែឆាប់រហ័ស កាន់តែប្រសើរ ។ ជាមួយគ្នានោះសម្តេច ក៏បានធ្វើការណែនាំ ដែលថា ការកែទម្រងមិនគួរធ្វើដោយតក់ក្រហល់ពេក រហូតដល់ប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពជារួមនោះទេ៕