ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន ២៦ រូប មកពី ២២ ប្រទេស ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ និងសម្តេចធិបតី រួមជាមួយអនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍។
សម្តេចតេជោ ស្វាគមន៍ គណៈប្រតិភូ ICAPP ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP និងលើកឡើងដោយសង្ខេប ពីការវិវត្តនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ច កម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានប្រែក្លាយពីប្រទេសអស្ថិរភាព និង មានសង្គ្រាម ស៊ីវិល ទៅជាប្រទេសដែលមានសុខសន្តិភាព និង ស្ថិរភាព ពីប្រទេសរងការបំផ្លិចបំផ្លាញគ្រប់វិស័យ មកជាប្រទេសដែលមានការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ន ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% អស់រយៈពេលជាង២ទសវត្ស រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៧ ជាឆ្នាំនៃការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច និងក្លាយជាប្រទេសចំណូលមធ្យម ក៏ប៉ុន្តែ ដោយសារជំងឺកូវីដ ការចាកចេញនេះ ត្រូវបានពន្យាទៅឆ្នាំ២០២៩។ ជាមួយគ្នានេះដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជា នឹងសម្រេចចក្ខុវិស័យជាប្រទេសចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដោយធ្លាក់ក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម ។
ថ្នាក់ដឹកនាំ ICAPP បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់ និងកោតសរសើរពីការដឹកនាំរបស់ សម្តេចតេជោ ដែលនាំប្រទេសទៅកាន់សន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍ និងកោតសរសើរពីសមត្ថភាពដឹកនាំរបស់ សម្តេចធិបតី ក្នុងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។ ថ្នាក់ដឹកនាំបានរំលឹកឡើងពីការរីកចម្រើននៃអង្គការ ICAPP ក្លាយជាក្រុមគណបក្សដែលធំជាងគេនៅអាស៊ី ។ ថ្នាក់ដឹកនាំ បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់គណបក្សទាំងអស់ ធ្វើឲ្យ ICAPP ក្លាយជាស្ថាប័នដ៏មានឥទ្ធិពលមួយ។
ថ្នាក់ដឹកនាំបានរំលឹកពីភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១០។ ប្រធាន និងសហប្រធាន គណៈអចិន្រ្តៃយ៍ ICAPP បានជូនពរ ឲ្យគណបក្សប្រជាជនកម្ពុជា (CPP) ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាតជាប្រវត្តិសាស្រ្តនេះ៕