បន្ទាប់ពីបានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ឯកឧត្តម សួន សុម៉ាលីន បានរម្លឹកទៅកាន់ក្មួយៗថា សម័យនេះក្មួយៗ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចមហាបវរធិបតី បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ៗ មានបន្ទប់រៀនស្អាតៗ ធំទូលាយ ប្រកបដោយផាសុខភាព ព្រមទាំងមានធនធានវិស័យអប់រំល្អៗ និងមានគុណភាព។
ដើម្បីដើរឱ្យទាន់សម័យកាលទំនើបនេះ (សម័យឌីជីថល) ឯកឧត្តម សួន សុម៉ាលីន បានជំរុញក្មួយៗសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ ឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាទំពាំងស្នងឬស្សីសម្រាប់អនាគត និងប្រទេសជាតិយើង។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សជាច្រើនផងដែរ៕