នាឡិកាខ្នាតធំ មានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិកា មានទំហំអង្កត់ផ្ចិត ៩,៧០ម៉ែត្រ មានរេចនាបទបែបខ្មែរ បានសាងសង់ឡើង នៅទីតាំងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត ក្នុងខេត្តកំពត កាន់តែច្រើនឡើងបន្ថែមទៀត។
តាមរយៈគេហទំព័ហ្វេសប៊ុក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សមិទ្ធផលថ្មី នៅក្រុងកំពត នាឡិកាដ៏ធំ បន្ថែមពីសេះសមុទ្រ ដែលបានផ្តល់ភាពទាក់ទាញ និងលើកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្ររបស់យើង។ សូមបងប្អូន អុំ ពូ មីង តា យាយ រីករាយកម្សាន្ដជាមួយនឹងសមិទ្ធផលថ្មី ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រើន ទឹកដីខេត្តកំពត ក៏ដូចជា ខេត្តជាប់សមុទ្រទាំងបួនរបស់យើងផងដែរ។
សម្ដេចធិបតី បន្ដថា «សូមកោតសរសើររដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កើតសមិទ្ធផលថ្មី រួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហើយបន្ថែមជាជម្រើសសម្រាប់មហាជនអញ្ជើញទៅទស្សនា»។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត, ខេត្ត មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេស ឯកឧត្តម អភិបាលខេត្ត បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ ៕